ធ្វើបច្ចុប្បន្នភាពចុងក្រោយ ខែសីហា ឆ្នាំ២០២០
បេសកម្មរបស់ TikTok គឺបំផុសឱ្យមានភាពច្នៃប្រឌិត និងនាំមកនូវភាពសប្បាយរីករាយ។ យើងខ្ញុំកំពុងតែអភិវឌ្ឍសហគមន៍អ្នកប្រើប្រាស់ដែលមានលក្ខណៈជាសកលមួយនេះ ឱ្យទៅជាកន្លែងដែលអ្នកប្រើប្រាស់ទាំងអស់អាចបង្កើត និងចែករំលែកនូវអ្វីដែលពិតៗ ស្វែងយល់ពីពិភពលោកដែលនៅជុំវិញខ្លួន និងផ្សារភ្ជាប់អ្នកទៅកាន់អ្នកប្រើប្រាស់ដទៃទៀតនៅជុំវិញសកលលោក។ យើងខ្ញុំប្តេជ្ញារក្សាឱ្យបាននូវសុវត្ថិភាពសហគមន៍អ្នកប្រើប្រាស់នេះផងដែរ។ សេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់របស់យើងខ្ញុំ ឆ្លុះបញ្ចាំងអំពីគុណតម្លៃ និងកំណត់អំពីក្រមសីលធម៌រួមមួយសម្រាប់ការប្រើប្រាស់ថ្នាលឌីជីថលរបស់យើងខ្ញុំ។ សេចក្តីណែនាំនេះ ក៏អនុញ្ញាតឱ្យសហគមអ្នកប្រើប្រាស់យើង ចូលរួមថែរក្សាដែនប្រើប្រាស់រួមមួយដ៏មានសុវត្ថិភាព។
TikTok ជាថ្នាលឌីជីថលបរិយាប័ន្ន (inclusive platform) មួយដែលត្រូវបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការសំដែងចេញប្រកបដោយភាពច្នៃប្រឌិតរបស់អ្នកប្រើប្រាស់។ យើងខ្ញុំលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទាំងអស់បង្ហាញពីភាពខុសប្លែករបស់ខ្លួនពីអ្នកដទៃ ខណៈសម្គាល់ឃើញថា សហគមន៍អ្នកប្រើប្រាស់ក៏បង្ហាញពីភាពខុសប្លែករបស់ខ្លួនដែរ។ យើងខ្ញុំឱ្យតម្លៃយ៉ាងខ្លាំងដែលរាល់អ្នកប្រើប្រាស់ទាំងអស់មានប្រភព មកពីជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា ហើយយើងខ្ញុំក៏ពិចារណាដល់បរិបទវប្បធម៌ និងបទប្បញ្ញត្តិក្នុងប្រទេសដែលថ្នាលឌីជីថលរបស់យើងខ្ញុំត្រូវបានដាក់ឱ្យដំណើរការ។
អាទិភាពខ្ពស់បំផុតរបស់យើងខ្ញុំ គឺការផ្តល់នូវមជ្ឈដ្ឋានមួយដែលមានសុវត្ថិភាពនិងការគាំទ្រគ្នាទៅវិញទៅមក។ យើងខ្ញុំជឿថា ការដែលអ្នកប្រើប្រាស់មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាលឌីជីថលរបស់យើងខ្ញុំ គឺជាចំណុចដ៏សំខាន់បំផុតដែលអាចជួយអ្នកប្រើប្រាស់អោយមានភាពកក់ក្តៅក្នុងការសម្តែងចេញដោយបើកចំហរ ប្រកបដោយភាពច្នៃប្រឌិត។ យើងខ្ញុំក៏មានគោលបំណងសម្រេចឱ្យបាននូវមជ្ឈដ្ឋានមួយ ប្រកបដោយការប្រាស្រ័យទាក់ទងគ្នាដោយពិតៗ ដោយពុំអនុញ្ញាតអោយមាននូវមាតិកា និងគណនីដែលមានលក្ខណៈបោកបញ្ឆោតក្នុងថ្នាលឌីជីថលរបស់យើងខ្ញុំ។
គុណតម្លៃរបស់យើង បង្កើតជាមូលដ្ឋានសេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់ នេះ។ យើងខ្ញុំលុបចេញនូវមាតិកាដូចជា វិឌីអូ សម្លេង រូបភាព និងអត្ថបទដែលបំពានលើសេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់ ព្រមទាំងបញ្ឈប់ជាបណ្តោះអាសន្ន ឬហាមឃាត់គណនីដែលបានបំពានក្នុងកម្រិតធ្ងន់ធ្ងរ ឬជាច្រើនលើកច្រើនសារលើសេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់។ ក្នុងស្ថានភាពច្បាស់លាស់ណាមួយ យើងខ្ញុំនឹងឈានទៅដល់ការរាយការណ៍អំពីគណនីទាំងនោះទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីរក្សាសុវត្ថិភាពសហគមន៍អ្នកប្រើប្រាស់របស់យើង។
សេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់ មានអានុភាពអនុវត្តចំពោះអ្នកប្រើប្រាស់គ្រប់រូប និងរាល់ការចែករំលែកទាំងឡាយលើថ្នាលឌីជីថល TikTok។ សេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់នេះ ផ្តល់ជាការណែនាំទូទៅនូវអ្វីដែលត្រូវបានអនុញ្ញាត និងមិនត្រូវបានអនុញ្ញាតនៅក្នុងថ្នាលឌីជីថល។ យើងខ្ញុំក៏ទទួលស្គាល់ថា មាតិកាមួយចំនួនដែលជាធម្មតា គួរនឹងត្រូវបានលុបចេញពីកម្មវិធីដោយអនុលោមតាមសេចក្តីណែនាំនេះ អាចមានគុណប្រយោជន៍សម្រាប់សាធារណជន។ ហេតុដូច្នេះ យើងខ្ញុំអនុញ្ញាតឱ្យមានករណីលើកលែង ក្នុងកាលៈទេសៈជាក់លាក់មួយចំនួន ដូចបានកំណត់ក្នុងផ្នែកនានាខាងក្រោម។
យើងខ្ញុំធ្វើបច្ចុប្បន្នភាពសេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់ នេះជារឿយៗ ដើម្បីវិវឌ្ឍន៍ទៅតាមឥរិយាបថសហគមន៍ កាត់បន្ថយហានិភ័យដែលអាចកើតមាន និងរក្សាថ្នាលឌីជីថល TikTok ឱ្យនៅតែជាកន្លែងសុវត្ថិភាពសម្រាប់ការបង្ហាញពីភាពច្នៃប្រឌិត និងភាពសប្បាយរីករាយ។
បុគ្គលឫអង្គការដែលអាចបង្កអន្តរាយ
យើងខ្ញុំមិនអនុញ្ញាតឱ្យបុគ្គល ឫអង្គការដែលអាចបង្កអន្តរាយ ប្រើប្រាស់ថ្នាលឌីជីថលរបស់យើងខ្ញុំក្នុងគោលបំណងញ៉ាំងឱ្យមានអំពើភេរវកម្ម បទល្មើស ឬសកម្មភាពនានាផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។ ក្នុងករណីជឿថាមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ យើងខ្ញុំនឹងចាត់វិធានការ ដោយហាមឃាត់គណនីនោះ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនានា។
ភេរវករ និងអង្គភាពភេរវកម្ម
ភេរវករ និងអង្គភាពភេរវកម្ម ជាបុគ្គលដែលមិនស្ថិតក្រោមរដ្ឋណាមួយ ហើយដែលប្រព្រឹត្តអំពើហិង្សាដោយគិតទុកជាមុន ឬការគម្រាមប្រើហិង្សាដើម្បីបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងគោលបំណងបំភ័យ ឬគំរាមដល់ប្រជាជន រដ្ឋាភិបាល ឬអង្គការអន្តរជាតិ ក្នុងគោលដៅនយោបាយ សាសនា ជាតិសាសន៍ ឬមនោគមន៍វិជ្ជានានា។
បុគ្គលឫអង្គការដែលអាចបង្កអន្តរាយផ្សេងទៀត
បុគ្គល និងអង្គភាពដែលអាចបង្កអន្តរាយ ត្រូវបានកំណត់ថាជាបុគ្គលដែលប្រព្រឹត្តបទល្មើស ឬបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ប្រភេទនៃក្រុម និងបទល្មើសទាំងនោះ រួមមានជាអាទិ៖
- ក្រុមបង្កឱ្យមានការស្អប់គ្នាទៅវិញទៅមក
- អង្គភាពហិង្សាជ្រុលនិយម
- ឃាតកម្ម
- ការជួញដូរមនុស្ស
- ការជួញដូរសិរីរាង្គ
- ការជួញដូរអាវុធ
- ការជួញដូរគ្រឿងញៀន
- ការចាប់ជំរិត
- ការកំហែងយក
- ការគំរាមកំហែងហែកកេរ្តិ៍
- ការបំលែងលុយ
- ការឆបោក
- ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា
មិនត្រូវបង្ហោះ៖
- ឈ្មោះ និមិត្តសញ្ញា ស្លាកសញ្ញា ទង់ជាតិ ពាក្យស្លោក ឯកសណ្ឋាន កាយវិការ រូបថត ឬវត្ថុផ្សេងទៀតក្នុងគោលបំណងតំណាងឱ្យបុគ្គល និង/ឬ អង្គភាពគ្រោះថ្នាក់
- មាតិកាដែលកោតសរសើរ ស្ញប់ស្ញែង ឬគាំទ្រដល់បុគ្គល និង/ឬ ស្ថាប័នគ្រោះថ្នាក់
- ករណីលើកលែង៖ មាតិកាដែលមានលក្ខណៈអប់រំ ប្រវត្តិសាស្ត្រ កំប្លុងកំប្លែង សិល្បៈ និងមាតិកាដទៃទៀតដែលអាចបញ្ជាក់យ៉ាងច្បាស់ថាជាសារឆ្លើយតប ឬ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដែលបង្កឡើងដោយបុគ្គល និង/ឬ អង្គភាពគ្រោះថ្នាក់។
សកម្មភាពខុសច្បាប់ និងទំនិញស្ថិតក្រោមកំហិតច្បាប់
យើងខ្ញុំ ហាមឃាត់រាល់ការធ្វើពាណិជ្ជកម្ម លក់ ផ្សព្វផ្សាយ និងប្រើប្រាស់ទំនិញក្រោមកំហិតច្បាប់ ក៏ដូចជាការឆ្លុះបញ្ចាំង ឬជំរុញឱ្យប្រព្រឹត្តសកម្មភាពជាបទល្មើសផ្សេងៗ។ មាតិកាខ្លះ អាចត្រូវបានលុបចេញ ប្រសិនបើវាទាក់ទងនឹងសកម្មភាព ឬទំនិញដែលខុសច្បាប់ ឬស្ថិតក្រោមកំហិតច្បាប់នៃប្រទេសភាគច្រើនក្នុងតំបន់ ឬពិភពលោក ទោះបីជាសកម្មភាព ឬទំនិញនោះមានភាពស្របច្បាប់ ក្នុងប្រទេសដែលបង្ហោះមាតិកានោះក៏ដោយ។ យើងខ្ញុំអនុញ្ញាតអោយមានការលើកលែងចំពោះមាតិកាដែលផ្តល់គុណប្រយោជន៍ដល់សាធារណជន ដូចជាមាតិកាដែលមានលក្ខណៈ អប់រំ វិទ្យាសាស្ត្រ សិល្បៈ និងមានលក្ខណៈផ្តល់ព័ត៌មានជាដើម។
ការផ្សព្វផ្សាយសកម្មភាពជាបទល្មើស
បទល្មើស គ្របដណ្តប់យ៉ាងធំទូលាយលើសកម្មភាព ដែលអាចត្រូវបានដាក់ទោសតាមច្បាប់។ បទល្មើស រួមមាន ការលួច ការបំពានលើរូបរាងកាយ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងសកម្មភាពបង្កគ្រោះថ្នាក់ផ្សេងៗទៀត។ ដោយសារយើងខ្ញុំមិនចង់ឱ្យអំពើទាំងនេះក្លាយទៅជាសកម្មភាពសាមញ្ញធម្មតា ឬត្រូវបានធ្វើត្រាប់តាម យើងខ្ញុំលុបចោលនូវមាតិកាដែលផ្សព្វផ្សាយនូវសកម្មភាពល្មើសទាំងនេះ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលជំរុញឱ្យប្រព្រឹត្តអំពើគ្រោះថ្នាក់ដល់រាងកាយ ដូចជាការបំពានលើរូបរាងកាយ ឬការចាប់ជំរិត
- មាតិកាដែលបង្កហានិភ័យដល់សុវត្ថិភាពអ្នកដទៃ រួមមាន សកម្មភាពបំភ័ន្តដើម្បីលេងសើច ឧទាហរណ៍ ការហៅទូរសព្ទបញ្ឆោតមន្ត្រីនគរបាលឱ្យទៅទីតាំងប្រព្រឹត្តបទល្មើសដែលមិនមានអ្វីកើតឡើង
- មាតិកាដែលជំរុញឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការជួញដូរសត្វព្រៃ
- មាតិកាដែលផ្តល់ជា ការទិញ លក់ ឬជួញដូរនូវទំនិញដែលទទួលបានដោយខុសច្បាប់
- មាតិកាដែលផ្តល់ការណែនាំអំពីវិធីនៃការប្រព្រឹត្តបទល្មើស
ការលក់ ឬប្រើប្រាស់អាវុធ
ដើម្បីការពារសហគមន៍អ្នកប្រើប្រាស់របស់យើង យើងខ្ញុំមិនអនុញ្ញាតឱ្យមានការបង្ហាញ ការជួញដូរ ឬការផ្សព្វផ្សាយអំពីកាំភ្លើង គ្រាប់រំសេវ សម្ភារៈអាវុធ ឬអាវុធជាតិផ្ទុះឡើយ។ យើងខ្ញុំហាមឃាត់រាល់ការណែនាំអំពីវិធីផលិតផងដែរ។ យើងខ្ញុំអាចផ្តល់នូវការលើកលែងទៅលើមាតិកាណាដែលបង្ហាញអំពីកាំភ្លើង ឬប្រភេទអាវុធផ្សេងៗទៀតក្នុងករណីដូចជា នៅក្នុងទីកន្លែងដែលបង្កើតឡើងដោយលក្ខណៈប្រឌិត ជាផ្នែកមួយនៃសម្ភារៈក្នុងសារមន្ទី ការកាន់ដោយមន្ត្រីនគបាល ក្នុងក្បូនដង្ហែរបស់ទ័ព ឬត្រូវបានប្រើប្រាស់នៅក្នុងកន្លែងសុវត្ថិភាពនិងមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជា ទីលានបាញ់កាំភ្លើង។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញពីកាំភ្លើង សម្ភារៈអាវុធ គ្រាប់រំសេវ ឬអាវុធជាតិផ្ទុះ
- មាតិកាដែលផ្តល់សំណើ លក់ ជួញដូរ ឬល្បួងអោយប្រើកាំភ្លើង សម្ភារៈអាវុធ គ្រាប់រំសេវ អាវុធជាតិផ្ទុះ ឬការណែនាំអំពីវិធីផលិត
គ្រឿងញៀន និងសារធាតុញៀនដែលហាមឃាត់
ដើម្បីការពារសហគមន៍អ្នកប្រើប្រាស់របស់យើង យើងខ្ញុំមិនអនុញ្ញាតឱ្យមានមាតិកា ដែលបង្ហាញអំពីការប្រើប្រាស់ ឬការជួញដូរគ្រឿងញៀន ឬសារធាតុញៀនដែលហាមឃាត់ឡើយ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញអំពីគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ឬលើកទឹកចិត្តឱ្យផលិត ប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ឬសារធាតុញៀនដែលហាមឃាត់
- មាតិកាដែលលក់ ផ្តល់សំណើ ជួញដូរ ឬល្បួងអោយប្រើគ្រឿងញៀន ឬសារធាតុញៀនដែលហាមឃាត់នានា
- មាតិកាដែលផ្តល់នូវព័ត៌មានអំពីវីធីនៃការទិញគ្រឿងញៀនខុសច្បាប់ ឬសារធាតុញៀនដែលហាមឃាត់
អំពើឆបោក និងអំពើបោកប្រាស់
យើងខ្ញុំមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់យកថ្នាលឌីជីថលរបស់យើងខ្ញុំ ទៅបង្កការខូចខាតដល់អ្នកដទៃ ដូចជាយកទៅបោកបញ្ឆោត ឬលួចទ្រព្យសម្បត្តិ។ យើងខ្ញុំនឹងលុបចោលនូវមាតិកាដែលមានចេតនាបោកបញ្ឆោតអ្នកដទៃដើម្បីទទួលបានជាប្រយោជន៍ហិរញ្ញវត្ថុដោយខុសច្បាប់។
មិនត្រូវបង្ហោះ៖
- មាតិកាដែលផ្សព្វផ្សាយជំរុញឱ្យមានការបញ្ឆោតលួចទិន្នន័យ(phishing)
- មាតិកាដែលផ្សព្វផ្សាយជំរុញឱ្យមានរបប Ponzi ឬរបបពីរ៉ាមីដ
- មាតិកាដែលផ្សព្វផ្សាយជំរុញឱ្យមាន ការភ្នាល់សម្រាប់រង្វាន់ជាក់លាក់ (fixed betting) របប Get-rich-quick ឬការបោកបញ្ជោតតាមរូបភាពផ្សេងៗទៀត
មាតិកាបង្ហាញពីអំពើហិង្សានិងជាក្រាហ្វិច
យើងខ្ញុំ មិនអនុញ្ញាតឱ្យមានមាតិកា ដែលមើលទៅគួរឱ្យខ្ពើមរអើម ឬរន្ធត់ហួសហេតុ ជាពិសេសមាតិកាដែលផ្សព្វផ្សាយអំពី និងស្ញប់ស្ញែងដល់អំពើហិង្សា ឬភាពរងទុក្ខវេទនាហួសប្រមាណ។ ប៉ុន្តែ យើងខ្ញុំមានករណីលើកលែងក្នុងកាលៈទេសៈខ្លះ ឧទាហរណ៍ សារដែលមានលក្ខណៈផ្តល់ជាព័ត៌មាន ឬក្នុងន័យផ្តល់ជាចំណេះដឹងអំពីបញ្ហាទាំងនោះ។ យើងខ្ញុំនឹងហាមឃាត់គណនីនោះ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅពេលចាំបាច់ និងសមរម្យណាមួយ នៅពេលយើងខ្ញុំអាចកំណត់បានថាមានអំពើហិង្សា ឬការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។
មាតិកាបង្ហាញពីអំពើហិង្សានិងជាក្រាហ្វិច៖ មនុស្ស
មិនត្រូវបង្ហោះ៖
- មាតិកាដែលមានភាពរន្ធត់ ធ្វើទណ្ឌកម្មដើម្បីសប្បាយចិត្ត ដោយឥតសមហេតុផល ឬរូបភាពជាក្រាហ្វិចជ្រុលហួស ដោយរាប់បញ្ចូលទាំង៖
- ការបង្ហាញពីអំពើហិង្សា ឬគ្រោះថ្នាក់ដល់ស្លាប់របស់មនុស្សពិតៗ
- ការបង្ហាញពីសាកសពមនុស្សដែលត្រូវបានកាត់អវៈយវៈ ធ្វើកាយវិកលកម្ម ដុត ឬកំឡោច
- ការបង្ហាញពីមុខរបួសឬការគ្រោះថ្នាក់ដែលពោរពេញដោយឈាមជោកជាំ
- ការបង្ហាញអំពើហិង្សាឃោឃៅលើរាងកាយ
- ករណីលើកលែង៖ ការវាយតប់ក្នុងក្របខណ្ឌវិជ្ជាជីវៈ ឬលើឆាកប្រកួត ក្បាច់គុណបុរាណ ឬការវាយតប់ក្នុងទម្រង់ប្រឌិត
មាតិកាបង្ហាញពីអំពើហិង្សានិងជាក្រាហ្វិច៖ សត្វ
មិនត្រូវបង្ហោះ៖
- មាតិកាដែលមានភាពរន្ធត់ ធ្វើទណ្ឌកម្មដើម្បីសប្បាយចិត្ត ដោយឥតសមហេតុផល ឬរូបភាពជាក្រហ្វិចជ្រុលហួស ដោយរាប់បញ្ចូលទាំង៖
- ការបង្ហាញអំពីការសម្លាប់សត្វពិតៗ
- ការបង្ហាញពីសាកសពសត្វដែលត្រូវបានកាត់អវៈយវៈ ធ្វើកាយវិកលកម្ម ដុត ឬកំឡោច
- ការបង្ហាញពីអំពើព្រៃផ្សៃទៅលើសត្វ
អត្តឃាត ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗ
យើងខ្ញុំមិនជំរុញឱ្យមានការចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់ឡើយ។ យើងខ្ញុំក៏មិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថ្នាលឌីជីថលលើកទឹកចិត្តអ្នកប្រើប្រាស់ដទៃឱ្យចូលរួមចំណែកក្នុងសកម្មភាព គ្រោះថ្នាក់ផ្សេងៗនោះទេ។ យើងខ្ញុំមិនអនុញ្ញាតឱ្យបង្ហោះមាតិកាណាដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផ្ទាល់ ឬអត្តឃាត ប៉ុន្តែយើងខ្ញុំអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនវិញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាំងនេះ។
យើងខ្ញុំលើកទឹកចិត្តដល់អ្នកប្រើប្រាស់ណា ដែលកំពុងតែជំនះលើការគិតថានឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬធ្វើអត្តឃាត ឬអ្នកដែលដឹងអំពីបុគ្គលណាម្នាក់ដែលស្ថិតក្នុងស្ថានភាពឈានដល់ការធ្វើអត្តឃាត អោយធ្វើការទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ឬលេខទំនាក់ទំនងរហ័ស(hotline) ដែលធ្វើការងារលើការទប់ស្កាត់ការធ្វើអត្តឃាត។
អត្តឃាត
យើងខ្ញុំលុបចោលនូវមាតិកាណា ដែលបង្ហាញអំពីការធ្វើអត្តឃាត ទំនោរទៅរកការធ្វើអត្តឃាត ឬមាតិកាដែលលើកទឹកចិត្តចំពោះសកម្មភាពស្រដៀងនេះ រួមមានអត្តឃាតដែលមានគ្រោងទុកជាមុន ឬបុគ្គលដែលបានធ្វើ ឬមានបំណងធ្វើសកម្មភាពណាមួយដែលអាចបណ្តាលអោយស្លាប់ខ្លួន។ យើងខ្ញុំហាមឃាត់ រាល់មាតិកាទាំងឡាយណាដែលដែលកោតសរសើរ ស្ញប់ស្ញែង ឬ ជំរុញឱ្យធ្វើអត្តឃាត ឬណែនាំអ្នកដទៃអំពីវិធីនៃការធ្វើអត្តឃាត។
មិនត្រូវបង្ហោះ៖
- មាតិកាដែលណែនាំអំពីវិធីធ្វើអត្តឃាត
- មាតិកាដែលកោតសរសើរ ជំរុញ ឬស្ញប់ស្ញែងដល់ការធ្វើអត្តឃាត
- ការប្រកួតប្រជែងគ្នាធ្វើអត្តឃាត
- ករណីលើកលែង៖ មាតិកាដែលផ្តល់ការគាំទ្រ ធនធាន ឬមធ្យោបាយព្យាបាលសម្រាប់បុគ្គលដែលកំពុងតែគិតដល់ការធ្វើអត្តឃាត
ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង
ដើម្បីកុំអោយសកម្មភាពបង្កគ្រោះថ្នាក់ដល់ខ្លួនឯងក្លាយជាសកម្មភាពធម្មតា កុំអោយមានការលើកទឹកចិត្ត ឬការធ្វើសកម្មភាពដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង យើងខ្ញុំមិនអនុញ្ញាតឱ្យមានការបង្ហាញរូបភាពនៃអំពើបែបនេះឡើយ ដោយមិនគិតពីចេតនាណាមួយរបស់អ្នកប្រើប្រាស់នោះក្នុងការបង្ហោះ។ យើងខ្ញុំនឹងលុបចោលនូវមាតិកាដែលលើកទឹកចិត្ត ឬអាចលើកទឹកចិត្តសកម្មភាពណាដែលទំនងនឹងឈានដល់ការធ្វើឱ្យខ្លួនឯងមានរបួសរាងកាយ។ មាតិកាដែលជំរុញឱ្យមានទម្លាប់នៃការទទួលទានដែលអាចនាំមកនូវបញ្ហាសុខភាព ក៏មិនត្រូវបានអនុញ្ញាតឱ្យបង្ហោះក្នុងថ្នាលឌីជីថលរបស់យើងខ្ញុំដែរ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញអំពីការធ្វើឱ្យខ្លួនឯងមានរបួស
- មាតិកាដែលណែនាំពីវិធីធ្វើឱ្យខ្លួនឯងមានគ្រោះថ្នាក់
- មាតិកាដែលគាំទ្រសកម្មភាពឱ្យញ៉ាំខុសប្រក្រតី ឬអំពើគ្រោះថ្នាក់ផ្សេងទៀតដើម្បីសម្រកទម្ងន់
- ករណីលើកលែង៖ មាតិកាដែលផ្តល់នូវការគាំទ្រ ធនធាន ឬវិធីសាស្ត្រព្យាបាលសម្រាប់អ្នកដែលកំពុងរងគ្រោះដោយជំងឺទទួលទានខុសប្រក្រតី ឬចូលរួមក្នុងសកម្មភាពបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។
សកម្មភាពគ្រោះថ្នាក់ផ្សេងៗ
សកម្មភាពដែលបង្កគ្រោះថ្នាក់ ឬមានហានិភ័យនានា ដែលប្រព្រឹត្តឡើងដោយគ្មានលក្ខណៈវិជ្ជាជីវៈ ឬដោយគ្មានជំនាញ អាចនាំឱ្យមានរបួសធ្ងន់ធ្ងរ ឬមរណភាពដល់អ្នកប្រើប្រាស់ ឬសាធារណជន។ យើងខ្ញុំមិនអនុញ្ញាតឱ្យមានមាតិកាដែលលើកទឹកចិត្ត ជំរុញ ឬស្ញប់ស្ញែងនូវរាល់ទង្វើបែបនោះ រួមទាំងការសម្តែងជំនួសដោយគ្មានវិជ្ជាជីវៈ និងការប្រកួតប្រជែងដែលមានគ្រោះថ្នាក់។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញពីការប្រើប្រាស់ឧបករណ៍គ្រោះថ្នាក់ទាំងមិនត្រឹមត្រូវ
- មាតិកាដែលបង្ហាញពីសារធាតុរាវ ឬរបស់បរិភោគ ដែលមិនមែនសម្រាប់ផឹកឬបរិភោគ
- ការប្រកួតដ៏គ្រោះថ្នាក់ដែលបណ្តាលឱ្យមានរបួស
- មាតិកាដែលបង្ហាញពីអនីតិជនមានអាយុក្រោមច្បាប់កំណត់ បើកបរយានយន្ត
ពាក្យសម្តីស្អប់ខ្ពើម
យើងខ្ញុំមិនអនុញ្ញាតឱ្យមានមាតិកាដែលវាយប្រហារ ឬញុះញង់បង្កឱ្យមានហិង្សាទៅលើបុគ្គល ឬក្រុមដទៃដោយសារគុណលក្ខណៈនានាដែលត្រូវបានការពារឡើយ។ យើងខ្ញុំមិនអនុញ្ញាតឱ្យមានមាតិកាដែលមានពាក្យសម្តីស្អប់ខ្ពើម ហើយយើងខ្ញុំនឹងលុបមាតិកានោះចេញពីថ្នាលឌីជីថលរបស់យើង។ យើងខ្ញុំនឹងផ្អាកជាបណ្តោះអាសន្ន ឬហាមឃាត់គណនី ដែលបំពានជាច្រើនដង ទៅលើការប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើម ។
ការវាយប្រហារទៅលើក្រុមដែលទទួលបានការការពារ
យើងកំណត់ពាក្យសម្តីស្អប់ខ្ពើមថាជាមាតិកាដែលវាយប្រហារ ឬមានបំណងវាយប្រហារ គំរាម ញុះញង់ឱ្យមានហិង្សា ឬមិនទទួលយកភាពជាមនុស្សនៃបុគ្គល ឬក្រុមណាមួយ ដោយសារគុណលក្ខណៈនានាដែលត្រូវបានការពារ។ យើងខ្ញុំមិនអនុញ្ញាតឱ្យមានមាតិកា ដែលគំរាមបង្កហិង្សាតាមពាក្យសម្តី ឬកាយវិការក្តី ឬការបង្ហាញពីការបង្ករការគ្រោះថ្នាក់ទៅបុគ្គល ឬក្រុមណាមួយ ដោយសារគុណលក្ខណៈនានាដែលត្រូវបានការពារដូចខាងក្រោម៖
- ជាតិសាសន៍
- ជនជាតិ
- ដើមកំណើត
- សាសនា
- វណ្ណៈ
- ទំនោរផ្លូវភេទ
- ភេទ
- យេនឌ័រ
- អត្តសញ្ញាណយេនឌ័រ
- ជំងឺធ្ងន់ធ្ងរ ឬពិការភាព
- ស្ថានភាពអន្តោប្រវេសន៍
មិនត្រូវបង្ហោះ៖
- មាតិកាដែលមិនទទួលយកភាពជាមនុស្ស ឬញុះញង់ឱ្យប្រើហិង្សា ឬស្អប់បុគ្គល ឬក្រុមណាមួយ ដោយសារគុណលក្ខណៈនានាដែលត្រូវបានការពារដូចកំណត់ខាងលើ ដោយរាប់បញ្ចូល៖
- ការអះអាងថាពួកគេអន់ជាងផ្នែកកាយសម្បទា ឬផ្លូវចិត្ត
- ការអំពាវនាវ ឬរកហេតុផលក្នុងការធ្វើអំពើហិង្សាលើពួកគេ
- ការអះអាងថាពួកគេជាជនល្មើស
- ការប្រៀបប្រដូចពួកគេទៅនឹងសត្វ វត្ថុគ្មានជីវិត ឬមិនមែនជាមនុស្ស
- ជំរុញ ឬរកហេតុផលដើម្បីមិនអនុញ្ញាតអោយចូលរួម បំបែកចេញ ឬរើសអើងពួកគេ
ការប្រមាថ
ការប្រមាថ ជាពាក្យដែលតិះដៀលដោយមានចេតនាបង្ខូចដល់ជនជាតិ ពូជសាសន៍ ឬគុណលក្ខណៈនានាដែលត្រូវបានការពារដូចខាងលើ។ យើងខ្ញុំមិនអនុញ្ញាតឱ្យបុគ្គលដែលប្រព្រឹត្តទង្វើបែបនេះ ប្រើប្រាស់ថ្នាលឌីជីថលរបស់យើងខ្ញុំទេ ព្រោះថាយើងខ្ញុំមិនចង់ចូលរួមចំណែកផ្សព្វផ្សាយនូវពាក្យសម្តីប្រមាថមាក់ងាយឡើយ។ ប៉ុន្តែ យើងខ្ញុំដឹងថា ការតិះដៀលមួយចំនួន អាចត្រូវបានប្រើសម្រាប់ចង្អុលមកខ្លួនឯងផ្ទាល់ ឬកែប្រែឱ្យមានភាពសមរម្យឡើងវិញ ហើយយើងខ្ញុំអាចចាត់ទុកថាជាករណីលើកលែងផងដែរ ប្រសិនបើការតិះដៀលនោះ ស្ថិតក្នុងបទចម្រៀង ឬក្នុងស្ថានភាពផ្សេងទៀតក្នុងន័យចង្អុលមកខ្លួនឯង និង/ឬ កែតម្រូវមកជាសកម្មភាពសមរម្យវិញ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលប្រើប្រាស់ពាក្យប្រមាថដោយគ្មានការយល់ព្រម
មនោគមន៍វិជ្ជាដែលធ្វើឱ្យស្អប់គ្នា
មនោគមន៍វិជ្ជាដែលធ្វើឱ្យស្អប់គ្នាមិនមានភាពសមស្របទៅនឹងសហគមន៍អ្នកប្រើប្រាស់ដែលប្រកបទៅដោយទៅដោយបរិយាប័ន្ន និងការគាំទ្រគ្នាទៅវិញទៅមកដែលផ្តល់ដោយថ្នាលឌីជីថលយើងខ្ញុំឡើយ។ យើងខ្ញុំនឹងដកចេញនូវសារដែលបណ្តុះមនោគមន៍ស្អប់គ្នាទាំងនោះ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលជំរុញឱ្យមានការស្អប់គ្នា តាមរយៈការនិយាយលក្ខណៈបែបសុទិដ្ឋិនិយម ឬបង្ហាញស្លាកសញ្ញា និមិត្តសញ្ញា ទង់ជាតិ ពាក្យស្លោក ឯកសណ្ឋាន ការធ្វើគារវកិច្ច កាយវិការ រូបថត ការពន្យល់បង្ហាញ ឬឈ្មោះរបស់បុគ្គលដែលទាក់ទិននឹងមនោគមន៍វិជ្ជាទាំងនេះ
- មាតិកាដែលបដិសេធចំពោះព្រឹត្តិការណ៍ហិង្សាដែលមានកំណត់ត្រាត្រឹមត្រូវថាមិនបានកើតមានឡើងពិត
- តន្ត្រី ឬទំនុកចម្រៀងនាំឱ្យមានការស្អប់គ្នា
អំពើបៀតបៀន និងសម្លុតបៀតបៀន
អ្នកប្រើប្រាស់គួរតែមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងការសម្តែងចេញដោយគ្មានការភ័យខ្លាចអាម៉ាស់ មាក់ងាយ ឬសម្លុតបៀតបៀនពីបុគ្គលដទៃ។ ដោយសារបុគ្គលម្នាក់ៗអាចបង្ហោះសារដែលពោរពេញទៅដោយអំពើហិង្សា យើងខ្ញុំយល់ច្បាស់ណាស់អំពីការប៉ះពាល់ដល់ផ្លូវអារម្មណ៍ដែលមាតិកាដែលមានលក្ខណៈរំលោភបំពានអាចមានមកលើបុគ្គលនានា ហើយយើងខ្ញុំមិនមានការអត់ធ្មត់លើមាតិកាឬឥរិយាបថដែលមានលក្ខណៈរំលោភបំពាន នៅលើថ្នាលឌីជីថលរបស់យើងខ្ញុំនោះឡើយ។
ឥរិយាបថរំលោភបំពាន
យើងខ្ញុំនឹងដកចេញរាល់ការបង្ហាញអំពីអំពើការរំលោភបំពាន ដោយរាប់បញ្ចូលទាំងការគំរាមកំហែងដោយហិង្សា ការបៀតបៀនផ្លូវភេទ ការបន្តុះបង្អាប់លើរូបរាងខាងក្រៅ បញ្ញា បុគ្គលិកលក្ខណៈ និងអនាម័យរបស់បុគ្គលដទៃ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលគំរាមបង្កហិង្សាលើបុគ្គលដទៃ
- មាតិកាដែលផ្សងបង្កការស្លាប់ ជំងឺធ្ងន់ធ្ងរ ការគ្រោះថ្នាក់ដល់រាងកាយ ឬផ្នែកដទៃទៀតដល់បុគ្គលណាមួយ
- មាតិកាដែលញុះញង់ឱ្យមានអំពើហិង្សា ឬ អំពើរបៀតបៀនដោយមានកិច្ចសហការ
- មាតិកាដែលបៀតបៀនផ្លូវភេទលើអ្នកប្រើប្រាស់ណាម្នាក់ដោយបន្តុះបង្អាប់សកម្មភាពផ្លូវភេទ ឬមានគោលបំណងបង្កើតទំនាក់ទំនងផ្លូវភេទណាមួយដែលគេមិនចង់បាន
- មាតិកាដែលបន្តុះបង្អាប់បុគ្គលជាឯកជនដោយសារគុណលក្ខណៈដូចជាបញ្ញា រូបរាងខាងក្រៅ បុគ្គលិកលក្ខណៈ ឬអនាម័យ
- មាតិកាដែលកោតសរសើរចំពោះសោនាដកម្មយ៉ាងហិង្សា និងបន្តុះបង្អាប់ជនរងគ្រោះ
- មាតិកាដែលប្រើប្រាស់មុខងារទោ(duet) ប្រតិកម្ម(react) ឬអេហ្វិចរបស់TikTok ដើម្បីបង្កើតមាតិការំលោភបំពានទៅលើអ្នកប្រើប្រាស់ដទៃ
ការបំពានការសម្ងាត់របស់បុគ្គលដទៃ
ការបញ្ចេញ ឬគំរាមថានឹងបញ្ចេញនូវព័ត៌មានដែលអាចបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដទៃ អាចប៉ះពាល់ដល់សតិអារម្មណ៍ និងនាំមកនូវការប៉ះពាល់ជាក់ស្តែង។ យើងខ្ញុំចាត់ទុកអំពើនោះជាទម្រង់មួយនៃទង្វើរំលោភបំពាន និងមិនអនុញ្ញាតឱ្យបង្ហោះក្នុងថ្នាលឌីជីថល TikTok ឡើយ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបញ្ចេញ ឬគំរាមថានឹងបញ្ចេញព័ត៌មានដែលអាចបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដទៃរួមមាន អាសយដ្ឋានស្នាក់នៅ អ៊ីម៉ែលផ្ទាល់ខ្លួន លេខទូរសព្ទដៃ របាយការណ៍ធនាគារ លេខរបបសន្តិសុខសង្គម ឬលិខិតឆ្លងដែន
- គំរាមបញ្ចេញរូបភាពអាសអាភាស ឬរូបភាពដែលបង្ខំអោយមានភាពស្និទស្នាល
រូបអាក្រាតកាយ និងសកម្មភាពផ្លូវភេទរបស់មនុស្សពេញវ័យ
យើងខ្ញុំមិនអនុញ្ញាតឱ្យបង្ហោះមាតិកាដែលពាក់ព័ន្ធផ្លូវភេទជាក់ច្បាស់ ឬធ្វើឱ្យមានចំណង់ផ្លូវភេទក្នុងថ្នាលឌីជីថល TikTok ដោយរួមបញ្ចូលទាំងមាតិកាដែលមានលក្ខណៈជាជីវចលឡើយ។ មាតិកាដែលមានលក្ខណៈផ្លូវភេទ ធ្វើឱ្យមានហានិភ័យជាច្រើន ដូចជានាំមកនូវការផ្តន្ទាទោសតាមផ្លូវច្បាប់ក្នុងប្រទេសមួយចំនួន និងបង្កហានិភ័យដល់អ្នកប្រើប្រាស់ដទៃតាមរយៈការចែករំលែករូបភាពដែលបានលួចថត (ឧទាហរណ៍៖ ការចែករំលែករូបភាព ឬវីឌីអូអាសអាភាសដោយគ្មានការអនុញ្ញាត)។ ដូចគ្នាផងដែរ មាតិកាដែលមានលក្ខណៈបែបផ្លូវភេទហួសហេតុ អាចជាការបំពានដល់វប្បធម៌ជាក់លាក់ផ្សេងទៀត។ ជាករណីលើកលែង យើងខ្ញុំអនុញ្ញាតឱ្យមានមាតិកាដែលមានរូបអាក្រាតកាយ និងមានលក្ខណៈផ្លូវភេទជាក់ច្បាស់បង្ហោះក្នុងគោលបំណងអប់រំ ជាឯកសារសម្រាប់ទុកសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ ឬសិល្បៈ។ ឧទាហរណ៍ មាតិកាដែលពិភាក្សា ឬបង្ហាញអំពីស្លាកស្នាមបណ្តាលមកពីការវះកាត់ជំងឺមហារីកសុដន់ជាដើម។
ការធ្វើអាជីវកម្មផ្លូវភេទ
ការធ្វើអាជីវកម្មផ្លូវភេទ គឺជាអំពើដែលប្រព្រឹត្តជាក់ស្តែង ឬមានបំណងរំលោភបំពានក្នុងឋានៈជាជនទន់ខ្សោយ មានអំណាច ឬដោយការជឿទុកចិត្ត ក្នុងគោលបំណងពាក់ព័ន្ធនឹងផ្លូវភេទ ដែលមានជាអាទិការទាញចំណេញជាប្រាក់កាស ជាលក្ខណៈ សង្គម ឬជានយោបាយ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញ ប្រព្រឹត្ត ឬជំរុញ ឱ្យមាន សកម្មភាពផ្លូវភេទដោយគ្មានការយល់ព្រម
- មាតិកាដែលប្រព្រឹត្ត ផ្សព្វផ្សាយជំរុញ ឬស្ញប់ស្ញែងដល់អំពើល្បួងអោយធ្វើសកម្មភាពពាក់ព័ន្ធផ្លូវភេទ ឬអំពើចាត់ទុកបុគ្គលណាម្នាក់ជាវត្ថុសម្រាប់សប្បាយផ្លូវភេទ
រូបនិងវិឌីអូអាសអាភាស និងរូបអាក្រាតរបស់មនុស្សពេញវ័យ
រូបនិងវិឌីអូអាសអាភាសបង្ហាញជាក់ច្បាស់នូវអវៈយវៈភេទ និង/ឬ សកម្មភាពដែលធ្វើឡើងក្នុងគោលបំណងអោយមានចំណង់ផ្លូវភេទ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញអំពីសកម្មភាពផ្លូវភេទ ដូចជាការរួមភេទដែលមាន ឬមិនមានការបញ្ចូលអង្គជាត ឬការរួមភេទដោយប្រើមាត់
- មាតិកាដែលបង្ហាញអំពីប្រដាប់ភេទ ក្បាលសុដន់ស្រ្តី ឬគូទ
- មាតិកាដែលបង្ហាញភាពស្រើបស្រាលផ្លូវភេទ
- មាតិកាដែលបង្ហាញពីចំណង់ផ្លូវភេទទៅលើវត្ថុធម្មតាដែលមិនមិនមែនជាអង្គជាតភេទ
សុវត្ថិភាពអនីតិជន
យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសុវត្ថិភាពកុមារ និងមិនអត់ឱនដល់ឥរិយាបថណាមួយដែលកេងប្រវ័ញ្ច ឬលួងលោមដើម្បីទាញយកផលប្រយោជន៍ និងរំលោភបំពានលើអនីតិជន។ យើងខ្ញុំមិនអនុញ្ញាតឱ្យមានមាតិកាបង្ហាញ ឬចែកចាយរូបភាពហិង្សាលើកុមារ រូបអាក្រាតរបស់កុមារ ឬការធ្វើអាជីវកម្មផ្លូវភេទលើកុមារទាំងក្នុងទម្រង់ឌីជីថល និងជីវិតពិត ហើយយើងខ្ញុំនឹងរាយការណ៍អំពីមាតិកានោះទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។ យើងខ្ញុំមិនអនុញ្ញាតឱ្យបង្ហោះមាតិកាបង្ហាញអំពីអនីតិជនដែលបានប្រព្រឹត្តបទល្មើសឡើយ។
អ្នកប្រើប្រាស់ ត្រូវមានអាយុយ៉ាងតិចស្មើនឹងអាយុដែលបានកំណត់ដើម្បីអាចប្រើប្រាស់ថ្នាលឌីជីថលTikTok (ដូចបានកំណត់ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់)។ នៅពេលរកឃើញថាអ្នកប្រើប្រាស់ណាម្នាក់មានអាយុតិចជាងការកំណត់ យើងខ្ញុំនឹងលុបគណនីនោះចេញពីថ្នាលឌីជីថលរបស់យើងខ្ញុំ និងអាចណែនាំនូវកម្មវិធីដែលសាកសមសម្រាប់ពួកគេ ប្រសិនបើកម្មវិធីទាំងនោះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់ដែលពួកគេរស់នៅ។
រូបអាក្រាតកាយ និងការធ្វើអាជីវកម្មផ្លូវភេទលើអនីតិជន
រូបអាក្រាតកាយមានជាអាទិមាតិកាដែលបង្ហាញឱ្យឃើញនូវផ្នែកឯកជននៃរាងកាយ។ ការធ្វើអាជីវកម្មផ្លូវភេទ ជាអំពើជាក់ស្តែង ឬចេតនាបំពានបុគ្គលណាម្នាក់ ដែលស្ថិតក្នុងស្ថានភាពទន់ខ្សោយ មានអំណាច ឬជឿទុកចិត្តក្នុងគោលបំណងទាញចំណេញជាប្រាក់កាស ជាលក្ខណៈសង្គម ឬនយោបាយ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញពីផ្នែកឯកជនរបស់អនីតិជន
- មាតិកាដែលបង្ហាញអំពីការធ្វើអាជីវកម្មផ្លូវភេទលើកុមារ
- មាតិកាដែលបង្ហាញអំពីសកម្មភាពផ្លូវភេទ ដូចជាការួមភេទដោយមាន ឬមិនមានបញ្ចូលអង្គជាត ឬរួមភេទដោយប្រើមាត់ ដែលពាក់ព័ន្ធនឹងអនីតិជន
- មាតិកាដែលបង្ហាញអំពីភាពស្រើបស្រាលផ្លូវភេទដែលពាក់ព័ន្ធនឹងអនីតិជន
- មាតិកាដែលបង្ហាញពីចំណង់ផ្លូវភេទទៅលើវត្ថុធម្មតាដែលមិនមិនមែនជាអង្គជាតភេទ ដែលពាក់ព័ន្ធនឹងអនីតិជន
អំពើល្មើសដែលប្រព្រឹត្តដោយអនីតិជនមិនទាន់គ្រប់អាយុ
អំពើល្មើសដែលប្រពឹត្តដោយអនីតិជនមិនទាន់គ្រប់អាយុ រួមមានជាអាទិការប្រើប្រាស់ ឬសេពគ្រឿងញៀន គ្រឿងស្រវឹង និងថ្នាំជក់។
មិនត្រូវបង្ហោះ៖
- សារដែលបង្ហាញអនីតិជនកំពុងប្រើប្រាស់ កាន់កាប់ ឬសង្ស័យថាប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬថ្នាំជក់
ការបំពានលើកុមារ
ការបំពានលើកុមារ សំដៅដល់ពេលបុគ្គលមានឥទ្ធិពលធ្វើបាបខាងផ្លូវកាយ និង ឬផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើអនីតិជន។ ការបំពានលើរាងកាយ គឺជាសកម្មភាពដែលបង្កឱ្យមានរបួសស្នាមលើរាងកាយកុមារដោយចេតនា។ ការបំពានលើផ្លូវចិត្ត សំដៅដល់ការគំរាមកំហែងប្រើហិង្សាលើរាងកាយ ឬផ្លូវភេទលើកុមារ ឬដោយប្រើវិធីសាស្រ្តសម្លុតរំខាន។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញអំពីការបំពានលើរាងកាយ ឬផ្លូវចិត្តរបស់អនីតិជន
អំពើលួងលោមអនីតិជន
អំពើលួងលោមអនីតិជន សំដៅដល់សកម្មភាពដែលប្រព្រឹត្តដោយនីតិជន ក្នុងការបង្កើតទំនាក់ទំនងខាងផ្លូវអារម្មណ៍ជាមួយអនីតិជន ដើម្បីទទួលបានការទុកចិត្តក្នុងគោលបំណងរំលោភបំពានផ្លូវភេទ កេងប្រវ័ញ្ចផ្លូវភេទ ឬជួញដូរផ្លូវភេទ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលលើកទឹកចិត្ត ណែនាំ ឬផ្តល់ហេតុផលដល់អំពើលួងលោមអនីតិជន
- មាតិកាដែលអូសទាញអនីតិជនចូលក្នុងការសន្ទនាពាក់ព័ន្ធនឹងផ្លូវភេទ
- មាតិកាដែលលើកទឹកចិត្ត ឬគំរាមកំហែងហែកកេរ្តិ៍កុមារថានឹងចែកបញ្ជូននូវអ្វីមួយដែលមានលក្ខណៈផ្លូវភេទជាក់ច្បាស់
ការពង្វក់អនីតិជនផ្នែកផ្លូវភេទ
យើងខ្ញុំមិនអនុញ្ញាតឱ្យមានមាតិកាដែលបង្ខំអនីតិជនពាក់ព័ន្ធនឹងអារម្មណ៍និងគំនិតផ្លូវភេទ ឬយកអនីតិជនជាកម្មវត្ថុផ្លូវភេទ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបង្ហាញអំពីការរាំស្រើបស្រាលដែលពាក់ព័ន្ធនឹងអនីតិជន
- មាតិកាដែលមានភាសាអាសអាភាស ឬស្រើបស្រាលដែលពាក់ព័ន្ធនឹងអនីតិជន
សុចរិតភាព និងភាពពិតប្រាកដ
មាតិកាដែលមានចេតនាបោកប្រាស់ ឬបំភ័ន្តអ្នកប្រើប្រាស់ក្នុងសហគមន៍អ្នកប្រាស់ ធ្វើឱ្យគ្រោះថ្នាក់ដល់សហគមន៍ដែលយើងខ្ញុំឈរលើការជឿទុកចិត្តគ្នា។ យើងមិនអនុញ្ញាតឱ្យមានមាតិកាបែបនេះឡើយ។ មាតិកាទាំងនោះ រាប់បញ្ចូលទាំងយុទ្ធនាការនៃការផ្ញើសារគ្មានប្រយោជន៍ ការក្លែងជាអ្នកដទៃ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ការផ្ញើសារគ្មានប្រយោជន៍
មាតិកាឬសកម្មភាពដែលធ្វើឡើងដើម្បីបំប៉ោងប្រជាប្រិយភាពរបស់ខ្លួនដោយក្លែងក្លាយនៅលើថ្នាលឌីជីថលរបស់យើងខ្ញុំត្រូវបានហាមឃាត់។ យើងខ្ញុំហាមឃាត់រាល់ការព្យាយាមចូលទៅកែប្រែបន្លំវិធីគ្រប់គ្រងថ្នាលឌីជីថលរបស់យើងខ្ញុំ ដើម្បីបង្កើនអត្រាប្រជាប្រិយភាពគណនីរបស់ខ្លួន។
មិនត្រូវ៖
- ចែករំលែកអំពីវិធីសាស្ត្រក្លែងក្លាយក្នុងការបង្កើនអ្នកចូលមើល ចូលចិត្ត តាមដាន ចែករំលែក ឬបញ្ចេញមតិយោបល់
- ព្យាយាម ឬចូលរួមក្នុងការលក់ ឬទិញការមើល ការចូលចិត្ត អ្នកតាមដាន ការចែករំលែក ឬមតិយោបល់
- ជំរុញការផ្តល់សេវាកម្មបង្កើតចរាចរណ៍ទិន្នន័យសិប្បនិម្មិត
- ប្រើប្រាស់គណនីTikTokច្រើនក្រោមរូបភាពបោកបញ្ឆោត ឬមិនពិត ដោយរាប់បញ្ចូលការការប៉ុនប៉ងដោយមានការសហការដើម្បីបង្កើតសកម្មភាពដែលក្លែងក្លាយ ចែកចាយសារពាណិជ្ជកម្មឥតប្រយោជន៍ ឬការសហការក្នុងការបំពានធ្ងន់ធ្ងរដល់គោលនយោបាយរបស់ក្រុមហ៊ុន TikTok។
ការក្លែងជាអ្នកដ៏ទៃ
យើងខ្ញុំមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្លែងជាបុគ្គល ឬអង្គភាពដទៃ ដើម្បីបោកបញ្ឆោតសាធារណជនឡើយ។ នៅពេលយើងខ្ញុំអាចកំណត់បានការក្លែងនេះ យើងខ្ញុំនឹងលុបគណនីដែលបំពាននោះចេញពីថ្នាលឌីជីថល។ យើងខ្ញុំលើកលែងចំពោះការត្រាប់តាម សេចក្តីពន្យល់ណែនាំ ឬគណនីអ្នកគាំទ្រ ដរាបណាគណនីនោះមិនបំភ័ន្តដល់អ្នកប្រើប្រាស់ដទៃនូវអត្តសញ្ញាណ ឬគោលបំណងក្នុងការប្រើប្រាស់ថ្នាលឌីជីថល TikTok។
មិនត្រូវបង្ហោះ៖
- ថាខ្លួនជាបុគ្គល ឬអង្គភាពដ៏ទៃដោយប្រើប្រាស់ឈ្មោះរបស់បុគ្គលណាម្នាក់ ជីវប្រវត្តិ ឬរូបភាពបញ្ជាក់ពីគណនីក្នុងន័យបំភ័ន្ត
ព័ត៌មានបំភ័ន្ត
យើងខ្ញុំលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យមានការសន្ទនាដោយមានការគោរពគ្នាទៅវិញទៅមកលើប្រធានបទនានាដែលពាក់ព័ន្ធនឹងពួកគេ ប៉ុន្តែយើងខ្ញុំមិនអនុញ្ញាតឱ្យមានព័ត៌មានបំភ័ន្តដែលបង្កការខូចខាតដល់បុគ្គល សហគមន៍អ្នកប្រើប្រាស់របស់យើងខ្ញុំ ឬសាធារណជនឡើយ។
មិនត្រូវបង្ហោះ៖
- ព័ត៌មានមិនពិតដែលញុះញង់ឱ្យស្អប់គ្នា ឬថ្នាំងថ្នាក់គ្នា
- ព័ត៌មានគ្រោះអាសន្នដែលមិនពិត ដែលបង្កឱ្យមានការភ័យស្លន់ស្លោ
- ព័ត៌មានវេជ្ជសាស្ត្រមិនពិត ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពរាងកាយបុគ្គលណាមួយ
- មាតិកាដែលធ្វើអោយមានការភ័ន្តច្រឡំដល់សមាជិកសហគមន៍អំពីការបោះឆ្នោត ឬការរស់នៅរបស់ប្រជាពលរដ្ឋ
- ល្បិចបញ្ឆោត ឬការព្យាយាមបន្លំបោកប្រាស់នានា
- ការបន្លំ ដែលមានលក្ខណៈឌីជីថល (ប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈមិនច្បាស់ថាពិតឬមិនពិត ឬដែលខ្វះសុចរិតភាព) ដែលធ្វើអោយមានការភ័ន្តច្រឡំដល់អ្នកប្រើប្រាស់ដោយបំភ្លៃខុសពីការពិតនៃព្រឹត្តិការណ៍នោះ និងបង្កគ្រោះថ្នាក់ដល់សង្គម ឬកម្មវត្ថុនៃវិឌីអូនោះ។
មិនត្រូវ៖
- ចូលរួមសហការក្នុងសកម្មភាពដែលមិនពិត(ដូចជាការបង្កើតគណនី) ដើម្បីជះឥទ្ធិពល និងទាញចំណាប់អារម្មណ៍ពីសាធារណជន ខណៈពេលដែលខ្លួនកំពុងបំភ័ន្តបុគ្គលដទៃ សហគមន៍របស់យើង ឬសាធារណជនអំពីអត្តសញ្ញាណរបស់ម្ចាស់គណនី ទីកន្លែង ឬគោលបំណង។
កម្មសិទ្ធិបញ្ញា
យើងខ្ញុំលើកទឹកចិត្តអ្នកប្រើប្រាស់គ្រប់រូប បង្កើត និងចែករំលែកនូវមាតិកាដែលបង្កើតដោយខ្លួនឯង។ យើងខ្ញុំមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សព្វផ្សាយ ឬចែកចាយមាតិកាដែលបំពានដល់កម្មសិទ្ធិបញ្ញារបស់បុគ្គលដទៃឡើយ។
មិនត្រូវបង្ហោះ៖
- មាតិកាដែលបំពាន ឬប៉ះពាល់ដល់សិទ្ធិអ្នកនិពន្ធ ម៉ាកពាណិជ្ជកម្ម ឬសិទ្ធិនៃកម្មសិទ្ធិបញ្ញាដទៃទៀត
ការគំរាមដល់សុវត្ថិភាពកម្មវិធី
បន្ថែមទៅលើមាតិកា និងទង្វើដែលបានបង្ហាញខាងលើ គោលនយោបាយរបស់យើងខ្ញុំហាមឃាត់ចំពោះសកម្មភាពដែលបង្កការប៉ះពាល់ ដល់សេវាកម្ម TikTok ដូចខាងក្រោម៖
- មិនត្រូវលួចជ្រៀតចូល (hack) គេហទំព័រ កម្មវិធី ឬបណ្តាញដែលពាក់ព័ន្ធ ឬរំលងវិធាននៃការរិតត្បិតការចូលប្រើរបស់អ្នកប្រើប្រាស់របស់TikTokឡើយ
- មិនត្រូវចែកចាយឯកសារដែលមានប្រភេទមេរោគ, Trojan horse, worm, logic bombs ឬឯកសារផ្សេងៗដែលជាការរំខាន ឬអន្តរាយ
- មិនត្រូវកែប្រែ កែសម្រួល បកប្រែ បញ្ច្រាសវិស្វកម្ម ការរើបង្គុំ ការបំបែកសំណុំ ឬបង្កើតផលិតផលកំលាយពីTikTok ដោយរាប់បញ្ចូលឯកសារ តារាង សំណុំលិខិត ហើយប៉ុនប៉ងបង្កើតឡើងវិញនូវប្រភពកូដ ក្បួនដោះស្រាយ វិធីសាស្ត្រ ឬបច្ចេកទេសនានាដែលបានប្រើក្នុងកម្មវិធី TikTok
- មិនត្រូវប្រើប្រាស់កម្មវិធីដើម្បីប្រមូលយកស្គ្រីបដោយស្វ័យប្រវត្តិ (automated scripts) ដើម្បីប្រមូលយកព័ត៌មានពីកម្មវីធី TikTok ឡើយ។
យើងខ្ញុំ សូមអរគុណសម្រាប់ការចូលរួមជាចំណែកមួយនៃសហគមន៍អ្នកប្រើប្រាស់សកលដែលប្រកបដោយភាពរស់រវើកនេះ និងសហការជាមួយយើងខ្ញុំដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងអស់។ ប្រសិនបើលោកអ្នកជួបប្រទះមាតិកា ឬគណនីណាដែលលោកអ្នកជឿថាបំពាន សេចក្តីណែនាំសហគមន៍អ្នកប្រើប្រាស់ សូមមេត្តាផ្តល់ព័ត៌មានមកកាន់យើងខ្ញុំដើម្បីធ្វើការពិនិត្យ និងចាត់វិធានការសមរម្យលើសកម្មភាពនោះ។